bet 855

បណ្ដាំក្រមង៉ុយ


អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរ ទាំងប្រុសស្រី ឱ្យប្រិតប្រុងស្មាតី គួរគប្បីឱ្យឧស្សាហ៍។
កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនិងគំនិត ។
កំណើតកើតជាមនុស្ស មើលឱ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់ មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើត មកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។
ឳពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឱ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឱ្យកូនចៅបានចេះដឹង។
ឳពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឳពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឱ្យតែកូនល្អ លោមអង្វរឱ្យកូនខំ។
កូនកាចបំពេញទុក្ខ ម្តាយឳពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឳពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឱ្យអាប់យស ខំរៀនឱ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឱ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥលូវ ។
ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារ ទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឱ្យ។
មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឱ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជារិសគល់ កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាច អាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់ គេត្រេកអរ។
អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្អិតចិត្តជាល្អ សួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះ សព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើល ឃើញឆ្ងាយ សព្វសុសសាយ មិនសេសសល់។
រៀនរកស៊ីលក់ទិញ ខាតចំណេញ គិតឱ្យដល់ ឱ្យដឹងការកិច្ចកល ទើបកើតផល ប្រយោជន៏ខ្លួន។
ឱ្យរៀនលេខនព្ធន្ត បូកហាគុណឱ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់ មើលឱ្យជាក់ កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្អិត អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឳចិនអូសអស់ ។
ចិនមកពីស្រុកនាយ មានសំពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក ឳទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ ផឹកជឿសិន គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ ផឹកចោលការរបរ ផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់ ប្រាប់សំលាញ់ពួកម៉ាកមិត្ត គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឱ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោក មារយាទទាបថោក រិកសៀធី ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ មារយាទខ្មែរ ច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងរិកអួតអម្បូរ ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំ គួរតែដាំឱ្យគ្រប់មុខ ដីកេរម្តាយឳពុក មិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ។
ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឱ្យខ្វះ។
ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់ មិនដែលក្រ។
បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត ចាក់ដីជាតិល្អៗ។ បង្ការស្លពេលល្ងាចព្រឹក
ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេច ពីស្រោចទឹក បានផលផ្លែឬស្លឹក កុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់ ស៊ីឱ្យដល់ខួបខែវិញ ឱ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត ខ្លួនក្រត្រដរេឆ្លៀត មារយាទយ៉ាងហ្នឹង កុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត ចិញ្ចឹមជន្មជីវិត គិតឱ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការ សូត្រធម៌អាថិ ទាំងប្រុសស្រី ឱ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់។
រាល់រូបទាំងប្រុសស្រី កាលចេះស្តី ព្រោះចេះស្តាប់ ម៉ែឳតំរូវប្រាប់ កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាង សីលទាន មិនបំពានខុសពុទ្ធដិកា កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ កូនកាត់តាមម៉ែឳ អាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន កងកម្មចាំគំគួន គេចវេះពួនមិនកំបាំង។
ព្រះអង្គមានពុទ្ធដីកា ប្រៀបឧបមាជាទីតាំង ដូចគេមានកំលាំង សំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់ ឬនឹងចង់បរគេចវេះ កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន។
កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំង មគ្គផល ។
គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់ យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់ ចាស់ស្តីគប្បីស្តាប់ ប្រិតព្រៀងប្រាប់ឱ្យប្រុងចាំ។
គោរពគុណទាំងបី សូត្របាលីតាមចំណាំ រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់ សព្វថ្ងៃលៃគ្នេគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ។
ឥលូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ កូនចៅកុំបណ្តោយ ឱ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ ដំណាល ថាកណ្តាលព្រះសាសនា ទំនាយក្បួនតំរា ថានឹងរៀវហើយរីកវិញ។
ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅ យ៉ាងណាមិញ ខំឧស្សាហ៍ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះ រៀនតំរិះកុំរាយមាយ កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់ ជួបប្រាំពាន់ទៅខាងមុខ ទំនាយរាយទំនុក ថាឳពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទាន មិនមានសល់។
គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដំកល់ ខំសាងមគ្គសាងផល នឹងបានដល់ឋាន សាន្តសុខ។
នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក ព្រះសិរអារ្យត្រាស់ ខាងមុខ រាសាយទុក្ខសោក រាល់ថ្ងៃ។