bet 855

bet 855:បណ្ដាំក្រមង៉ុយ


អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរ ទាំងប្រុសស្រី ឱ្យប្រិតប្រុងស្មាតី គួរគប្បីឱ្យឧស្សាហ៍។
កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនិងគំនិត ។
កំណើតកើតជាមនុស្ស មើលឱ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់ មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើត មកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។
ឳពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឱ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឱ្យកូនចៅបានចេះដឹង។
ឳពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឳពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឱ្យតែកូនល្អ លោមអង្វរឱ្យកូនខំ។
កូនកាចបំពេញទុក្ខ ម្តាយឳពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឳពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឱ្យអាប់យស ខំរៀនឱ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឱ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥលូវ ។
ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារ ទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឱ្យ។
មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឱ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជារិសគល់ កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាច អាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់ គេត្រេកអរ។
អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្អិតចិត្តជាល្អ សួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះ សព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើល ឃើញឆ្ងាយ សព្វសុសសាយ មិនសេសសល់។
រៀនរកស៊ីលក់ទិញ ខាតចំណេញ គិតឱ្យដល់ ឱ្យដឹងការកិច្ចកល ទើបកើតផល ប្រយោជន៏ខ្លួន។
ឱ្យរៀនលេខនព្ធន្ត បូកហាគុណឱ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់ មើលឱ្យជាក់ កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្អិត អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឳចិនអូសអស់ ។
ចិនមកពីស្រុកនាយ មានសំពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក ឳទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ ផឹកជឿសិន គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ ផឹកចោលការរបរ ផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់ ប្រាប់សំលាញ់ពួកម៉ាកមិត្ត គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឱ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោក មារយាទទាបថោក រិកសៀធី ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ មារយាទខ្មែរ ច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងរិកអួតអម្បូរ ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំ គួរតែដាំឱ្យគ្រប់មុខ ដីកេរម្តាយឳពុក មិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ។
ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឱ្យខ្វះ។
ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់ មិនដែលក្រ។
បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត ចាក់ដីជាតិល្អៗ។ បង្ការស្លពេលល្ងាចព្រឹក
ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេច ពីស្រោចទឹក បានផលផ្លែឬស្លឹក កុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់ ស៊ីឱ្យដល់ខួបខែវិញ ឱ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត ខ្លួនក្រត្រដរេឆ្លៀត មារយាទយ៉ាងហ្នឹង កុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត ចិញ្ចឹមជន្មជីវិត គិតឱ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការ សូត្រធម៌អាថិ ទាំងប្រុសស្រី ឱ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់។
រាល់រូបទាំងប្រុសស្រី កាលចេះស្តី ព្រោះចេះស្តាប់ ម៉ែឳតំរូវប្រាប់ កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាង សីលទាន មិនបំពានខុសពុទ្ធដិកា កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ កូនកាត់តាមម៉ែឳ អាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន កងកម្មចាំគំគួន គេចវេះពួនមិនកំបាំង។
ព្រះអង្គមានពុទ្ធដីកា ប្រៀបឧបមាជាទីតាំង ដូចគេមានកំលាំង សំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់ ឬនឹងចង់បរគេចវេះ កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន។
កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំង មគ្គផល ។
គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់ យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់ ចាស់ស្តីគប្បីស្តាប់ ប្រិតព្រៀងប្រាប់ឱ្យប្រុងចាំ។
គោរពគុណទាំងបី សូត្របាលីតាមចំណាំ រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់ សព្វថ្ងៃលៃគ្នេគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ។
ឥលូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ កូនចៅកុំបណ្តោយ ឱ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ ដំណាល ថាកណ្តាលព្រះសាសនា ទំនាយក្បួនតំរា ថានឹងរៀវហើយរីកវិញ។
ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅ យ៉ាងណាមិញ ខំឧស្សាហ៍ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះ រៀនតំរិះកុំរាយមាយ កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់ ជួបប្រាំពាន់ទៅខាងមុខ ទំនាយរាយទំនុក ថាឳពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទាន មិនមានសល់។
គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដំកល់ ខំសាងមគ្គសាងផល នឹងបានដល់ឋាន សាន្តសុខ។
នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក ព្រះសិរអារ្យត្រាស់ ខាងមុខ រាសាយទុក្ខសោក រាល់ថ្ងៃ។

bet 855:ជីវប្រវ♏ត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅ ‹‹ង៉💖ុយ››


បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទទូន្មាន ចំៗនេះ ស្ថិតដក់ជាប់ នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមកហើយ យ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅ តែថ្មី មាន ន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥  –  ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ៊ុក អ៊ួ  ‹‹ង៉ុយ››អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិ អណ្ដូងស្វាយ ឃុំកំបូល ស្រុក൲ភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។ លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកប ជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។ ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
  • អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
  • អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
  • អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

ក្រមង៉ុយ

     កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។ ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។ នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
  • ១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
  • ២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
  • ៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
  • ៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
  • ៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
  • ១ – ឈ្មោះដូង
  • ២ – ឈ្មោះចេង
  • ៣ – ឈ្មោះចា
  • ៤ – ឈ្មោះចិន
  • ៥ – ឈ្មោះចុង
  • ៦ – ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦) នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។ ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
  • មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
  • មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
  • មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
  • ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
  • ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។ ១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។ ២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)ក្រដាសប្រាក់ សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ ១៩៧៤)
ប្រភពឯកសារ៖